សេចក្តីផ្តើមនៃសារណា

សេចក្តីផ្តើម ជាទំព័រនាំមុខនៃតួសេចក្តី ។ សេចក្តីផ្តើមប្រៀបបាននឹងមុខផ្ទះ ឬក៏ប្រៀបនឹង វង់ភក្រ្តរបស់មនុស្សយើង ដែលអ្នកដទៃឆាប់ចាប់អារម្មណ៍។ ដូច្នេះ សេចក្តីផ្តើម វាក៏ជាទំព័រទាក់ទាញអ្នកអានឱ្យគេមានការជក់ចិត្តតាមដាននូវអំណានរបស់យើង។ នៅក្នុងសេចក្តីផ្តើមនេះ វាមាន៖

. លំនាំបញ្ហាៈប្រយោគប្រទាក់ (l’accroche)  

លំនាំបញ្ហានេះ ជាប្រយោគសំដៅទាក់ទាញអ្នកអាន។  វាជាផ្លូវមួយនាំចូលទៅប្រធានបទនៃសារណា។  ស្មេរ អាចចាប់ផ្តើមសំណេរដោយ៖

  • អត្ថបទគតិយុត្ត (រដ្ឋធម្មនុញ្ញា ក្រម ច្បាប់…មាត្រា ណាមួយ)
  • យោងលើព្រឹត្តការណ៍បច្ចុប្បន្នភាពជាក់ស្តែងដែលមានសារៈសំខាន់
  • ឃ្លាប្រយោគជាសុភាសិត ពាក្យស្លោក ឃ្លាសំណេរឬសម្តីរបស់វីរជន ស្ថាប័ន អ្នកប្រាជ្ញ វិទូ អ្នកជំនាញឯកទេសពិសេសណាមួយ
  • ការសង្កេត ការធ្វើបទពិសោធន៍ ស្តិតិ ។ល។

២ ចំណូលបញ្ហាៈ

​          ចំណូលបញ្ហា ជាការបញ្ចូលប្រធានបទដែលស្មេរបានគិត និងជ្រើសរើសទុកសម្រាប់សរសេរ។ ស្មេរត្រូវបញ្ជាក់ពី កម្មវត្ថុនៃការសិក្សាស្រាវជ្រាវៈ (l’objet de l’étude) អ្នកអានអាចយល់ពីប្រធានដែលស្មេរបានកំណត់ជ្រើសរើស  រួមទាំង ផលប្រយោជន៍នៃការសិក្សាស្រាវជ្រាវៈ (l’intérêt de l’étude) អ្នកអានអាចយល់ពីផលប្រយោជន៍ដែលស្មេរនឹងធ្វើការបកស្រាយលើប្រធានបទ។

. ចំណោទបញ្ហាៈ (la problématique)

ចំណោទបញ្ហា ជាសំណួរដែលស្មេរត្រូវចោទជាចំណោទទាក់ទងនឹងប្រធានបទ ហើយស្មេរត្រូវពន្យល់ បំភ្លឺ បកស្រាយ ដោយបង្ហាញបញ្ហា និងដំណោះស្រាយ។

តើអ្វីទៅជាចំណោទបញ្ហា?

ចំណោទបញ្ហា គឺជាសិល្បៈនៃការដាក់ជាសំណួរដ៏ប្រសើរ។ ចំណោទបញ្ហានាំមកនូវគំហើញនូវគំនិតលើប្រធានបទ ហើយផ្តល់ជាអ័ក្ស ​ជាមុខព្រួញនៃការស្រាវជ្រាវ ហើយវាអនុញ្ញាតដល់ការបំភ្លឺ បញ្ជាក់នូវអំណះអំណាងដែលបង្កើតជាផ្លែផ្កានៃការផលិត។

ក. ស្ថាបនាចំណោទបញ្ហា គឺចោទសួរទៅប្រធានបទ (គេត្រូវដាក់ជាសំណួរយ៉ាងណាឱ្យមានលក្ខណៈសមហេតុសមផលដែលបង្កើតជាការពិភាក្សា)

ខ. បង្កើតចំណោទបញ្ហា គឺបំប្លែងប្រធានបទជាសំណួរ  មានន័យថាៈ

  • បំប្លែង បញ្ចូលប្រធានបទចូលក្នុងការពិភាក្សាៈបង្កើតបញ្ជី កម្រងសំណួរដែលប្រធានបទបានលើកឡើង។ គេត្រូវចោទសួរថា តើអ្វីជាផលប្រយោជន៍នៃប្រធានបទ?
  • ស្មេរអាចបង្កើតចំណោទបញ្ហាជាប្រយោគមួយដែលប្រមូលផ្តុំនូវសំណួរទាំងឡាយដែលប្រធានបទបានលើកឡើង។​

. ប្រកាសប្លង់ៈ(l’annonce de plan)

ដើម្បីធ្វើការបកស្រាយ អធិប្បាយពីខ្លឹមសារនៃសាច់រឿង ស្មេរត្រូវដាក់បង្ហាញ ប្លង់មេ ជាជំពូកចំនួន​២ ឬ ៣ (២ជំពូកជាប្លង់ល្អប្រសើរជាង៣) ដល់មិត្តអ្នកអាន ដើម្បីដឹងជាមុនថាស្មេរ មានគោលគំនិតធំៗអ្វីខ្លះ? ( ការបង្កើតជំពូកកាន់តែច្រើន នោះសំណេររបស់ស្មេរ មិនគាប់ប្រសើរទេ។ ដូច្នេះស្មេរ គួរតែជៀសវាង)។

កំណត់សម្គាល់ៈ ស្មេរកុំភ្លេចប្រាប់អ្នកអាននៅក្នុងសេចក្តីផ្តើមនេះ ថា ស្មេរជ្រើសរើសយកវិធីសាស្រ្តណាខ្លះយកមកធ្វើការបកស្រាយ ដូចជា វិធីសាស្រ្តគុណភាពវិស័យ (qualitative) ឬ/និង វិធីសាស្រ្តបរិមាណវិស័យ(quantitative) និង/ឬ វិធីសាស្រ្តរងផ្សេងៗទៀត ។

លើសពីនេះទៅទៀត ស្មេរ កុំភ្លេច ការប្រើប្រាស់ ឃ្លាភ្ជាប់សេចក្តី ពីសេចក្តីផ្តើមទៅតួសេចក្តី ក៏ដូចពីតួសេចក្តីទៅសេចក្តីសន្និដ្ឋានផងដែរ។

 

រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

 

បញ្ចេញមតិ